...

ផែនទីអាជីវកម្មគ្រួសារ៖ ទ្រព្យសម្បត្តិ និងឧបសគ្គក្នុងការរៀបចំផែនការរយៈពេលវែង

អាជីវកម្មគ្រួសារ (Family firm) គឺជាគំរូអាជីវកម្មមួយដែលក្របដណ្ដប់នៅទូទាំងពិភពលោក។ 👆ចុចចំនងជើងលំអិតខ្លឹមសារ

ដោយ fivision

February 19, 2023
គេសង្កេតឃើញថា ក្រុមហ៊ុនដែលមានប្រវត្តិពីការដឹកនាំជាលក្ខណៈគ្រួសារ ហើយវិវត្តន៍ខ្លួនក្លាយជាក្រុមហ៊ុនធំ មានចំនួនច្រើនណាស់ មិនថានៅលោកខាងលិច ឬនៅអាស៊ី។ សៀវភៅនេះព្យាយាមសង្កត់ធ្ងន់លើសារៈសំខាន់នៃអាជីវកម្មគ្រួសារ និងភាពស្រដៀងគ្នានៃបទពិសោធន៍របស់ពួកគេ។ អ្នកនិពន្ធពន្យល់អំពីវិធីសាស្រ្តផ្សេងៗគ្នាដែលក្រុមហ៊ុនទាំងនោះបានប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាទៅតាមស្ថានភាព និងលក្ខខណ្ឌផ្សេងៗគ្នា។ តាមរយៈការណែនាំរបស់លោក កាន់ គន្ធី សមាជិកក្រុមប្រឹក្សាភិបាលរបស់ FI ក្រុមការងារសូមចែករំលែកនូវសេចក្តីសង្ខេបទាញចេញពីសៀវភៅ “ផែនទីអាជីវកម្មគ្រួសារ៖ ទ្រព្យសម្បត្តិ និងឧបសគ្គក្នុងការរៀបចំផែនការរយៈពេលវែង” ដូចខាងក្រោម៖
១. ខ្លឹមសារសង្ខេប
អាជីវកម្មគ្រួសារ (Family firm) គឺជាគំរូអាជីវកម្មមួយដែលក្របដណ្ដប់នៅទូទាំងពិភពលោក។ គេសង្កេតឃើញថា ក្រុមហ៊ុនដែលមានប្រវត្តិពីការដឹកនាំជាលក្ខណៈគ្រួសារ ហើយវិវត្តន៍ខ្លួនក្លាយជាក្រុមហ៊ុនធំ មានចំនួនច្រើនណាស់ មិនថានៅលោកខាងលិច ឬនៅអាស៊ី។
សៀវភៅនេះព្យាយាមសង្កត់ធ្ងន់លើសារៈសំខាន់នៃអាជីវកម្មគ្រួសារ និងភាពស្រដៀងគ្នានៃបទពិសោធន៍របស់ពួកគេ។ អ្នកនិពន្ធពន្យល់អំពីវិធីសាស្រ្តផ្សេងៗគ្នាដែលក្រុមហ៊ុនទាំងនោះបានប្រើប្រាស់ដើម្បីដោះស្រាយបញ្ហាទៅតាមស្ថានភាព និងលក្ខខណ្ឌផ្សេងៗគ្នា។
នៅអឺរ៉ុប អាជីវកម្មគ្រួសារមួយចំនួនបានបន្ដមានវត្តមានអស់រយៈពេលជាង១០០ឆ្នាំមកហើយ ដើម្បីបន្ដរក្សាគ្រួសារ និងអាជីវកម្មរបស់គេឆ្ពោះទៅមុខជាមួយគ្នា។ នៅក្នុងប្រទេសចិន ក្រុមហ៊ុនឯកជនជាមធ្យមមានអាយុកាលមិនដល់២០ឆ្នាំទេ។ នៅជប៉ុន និងឥណ្ឌា អាជីវកម្មគ្រួសារខ្លះដែលគ្រប់គ្រងក្រុមហ៊ុនធំៗមួយចំនួនរបស់ពិភពលោកកំពុងផ្ទេរទ្រព្យសម្បត្តិរបស់ពួកគេទៅជំនាន់ទីពីរ និងទីបីរួចហើយ។
គ្រួសារគឺជារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ចដ៏សំខាន់បំផុតនៅក្នុងសង្គមមនុស្ស។ ដូច្នេះហើយ ទំនៀមទម្លាប់នៃការរៀបចំផែនការការងារពីលក្ខណៈគ្រួសារ បានបន្តកើតមានមិនចេះចប់មិនចេះហើយនៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ តាំងពីការបរបាញ់ ការអភិវឌ្ឍកសិកម្ម និងបដិវត្តន៍ឧស្សាហកម្ម រហូតមកដល់សម័យទំនើបនេះ។ នៅសព្វថ្ងៃ ក៏នៅតែមានអាជីវកម្មគ្រួសារជាច្រើនដែលបានធ្វើជំនួញលើវិស័យផ្សេងៗ ហើយពួកគេបានរួមចំណែកយ៉ាងចម្បងក្នុងសេដ្ឋកិច្ចជាតិ និងពិភពលោកទាំងមូល។
ក៏ប៉ុន្តែ និរន្តរភាពនៃអាជីវកម្មគ្រួសារនីមួយៗមិនមែនកើតឡើងដោយចៃដន្យនោះទេ។ ការបន្តភាពជោគជ័យ និងវិបុលភាពនៃអាជីវកម្មគ្រួសារពីតូចទៅធំ គឺមានភាពស្មុគស្មាញណាស់ ហើយវាកាន់តែលំបាក នៅពេលអាជីវកម្មទាំងនោះត្រូវបន្ដវត្តមានតជំនាន់។ នៅអឺរ៉ុប គេមានពាក្យស្លោកមួយថា “ទ្រព្យសម្បត្តិមិនអាចរស់បានបីជំនាន់ទេ” រីឯនៅអាស៊ី គេសឹងពិបាករកអាជីវកម្មដែលមានភាពគង់វង្សយូរអង្វែងណាស់។ ក្រុមហ៊ុនភាគច្រើនបរាជ័យ នៅពេលប្រគល់ទៅឱ្យមនុស្សជំនាន់ក្រោយ។ ជាឧទាហរណ៍ ក្រុមហ៊ុនដែលចេញផ្សាយភាគហ៊ុនជាសាធារណៈនៅហុងកុង សិង្ហបុរី និងតៃវ៉ាន់ យ៉ាងហោចណាស់ជាងពាក់កណ្តាលបានបរាជ័យ នៅពេលមានការផ្លាស់ប្ដូរជំនាន់។
នៅក្នុងសៀវភៅនេះ គេអាចស្វែងយល់អំពីរបៀបដែលអាជីវកម្មគ្រួសារអាចរៀបចំផែនការរយៈពេលវែង ការអនុវត្តយុទ្ធសាស្រ្តអភិបាលកិច្ចល្អ និងការយកឈ្នះលើបញ្ហាប្រឈមផ្សេងៗពីការរីកចម្រើនពីមនុស្សមួយជំនាន់ទៅមួយជំនាន់។ សៀវភៅនេះក៏បានពន្យល់អំពី ការរៀនសូត្រពីកំហុស ក៏ដូចជាការរៀនសូត្រពីភាពជោគជ័យ ដែលគឺជាកត្តាគន្លឹះបំផុត។
ដើម្បីឱ្យអាជីវកម្មគ្រួសារមាននិរន្តរភាពតជំនាន់ គេត្រូវបញ្ចូលគ្នាការពិចារណាយ៉ាងហោចណាស់ ៨ចំណុចសំខាន់ៗ រួមមាន ការកសាងអាជីវកម្មគ្រួសារ ទ្រព្យសម្បត្តិគ្រួសារ ឧបសគ្គ ផែនទីអាជីវកម្មគ្រួសារ ផែនការរៀបចំកម្មសិទ្ធិ ការរៀបចំអ្នកបន្ដវេន យុទ្ធសាស្រ្ដចាកចេញ និងអ្វីៗផ្សេងក្រៅពីផែនទីអាជីវកម្មគ្រួសារ។
២. មាតិកា ៨ចំណុច
ជំពូកទី១៖ ការកសាងអាជីវកម្មគ្រួសារ (Building Blocks)
ជំពូកទី២៖ ទ្រព្យសម្បត្តិគ្រួសារ (Family Assets)
ជំពូកទី៣៖ ឧបសគ្គ (Roadblocks)
ជំពូកទី៤៖ ផែនទីអាជីវកម្មគ្រួសារ (The Family Business Map)
ជំពូកទី៥៖ ផែនការរៀបចំកម្មសិទ្ធិ (Ownership Design)
ជំពូកទី៦៖ ការរៀបចំអ្នកបន្ដវេន (Succession)
ជំពូកទី៧៖ យុទ្ធសាស្រ្ដចាកចេញ (EXIT)
ជំពូកទី៨៖ អ្វីៗផ្សេងក្រៅពីផែនទីអាជីវកម្មគ្រួសារ (Beyond the Family Business Map)
៣. អំពីអ្នកនិពន្ធ
លោក Morten Bennedsen និងលោក Joseph Fan គឺជាបុគ្គលដែលមានពិសោធន៍ផ្ទាល់ក្នុងការដឹកនាំសកម្មភាពអាជីវកម្មគ្រួសារ ហើយជាអ្នកប្រឹក្សាអាជីវកម្ម សម្រាប់ក្រុមហ៊ុន និងអង្គការអន្តរជាតិ នៅអឺរ៉ុប អាស៊ី និងនៅលើពិភពលោក។
ប្រភព៖ “The Family Business Map: Assets and Roadblocks in Long Term Planning” / FI News 15៕
FIVISION CAPITAL